មហាសេដ្ឋី Bill Gates បានថ្លែងថា លោកមិនសក្ដិសម មានទ្រព្យសម្បត្តិដូចសព្វថ្ងៃនេះឡើយ ហើយលោកគួរតែត្រូវបានគេតម្រូវឲ្យបង់ពន្ធច្រើនជាងនេះ។ ការថ្លែងរបស់ម្ចាស់ក្រុមហ៊ុន Microsoft នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Daily Mail កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។
អ្នកបង្កើតក្រុមហ៊ុន Microsoft កាលពីឆ្នាំ១៩៧៥រូបនេះ បានមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំមិនសក្ដិសមនឹងអ្វីដែលខ្ញុំមានឡើយ។ គ្មាននរណាម្នាក់សក្ដិសមឡើយ។ វាបានមកដោយសារតែពេលវេលា សំណាង និងមនុស្សដែលខ្ញុំបានធ្វើការជាមួយប៉ុណ្ណោះ។ ខ្ញុំបានខិតខំប្រឹងប្រែងធ្វើការ ហើយ Software បានផ្ដល់នូវអត្ថប្រយោជន៍សម្រាប់ខ្ញុំ ក៏ប៉ុន្តែខ្ញុំក៏ទទួលបានផលប្រយោជន៍ពីរចនាសម្ព័ន្ធមួយផងដែរ។ ខ្ញុំគិតថា ការចែកលុយទៅឲ្យកូនៗរបស់ខ្ញុំ មិនមែនជារឿងល្អសម្រាប់ពួកគេ ឬសង្គមនោះទេ»។
លោក Gates ដែលមានវ័យ៦៣ឆ្នាំ បន្តថា៖ «ខ្ញុំបានបង់ពន្ធជាង ១០ពាន់លានដុល្លារ ប៉ុន្តែខ្ញុំគួរតែបង់ច្រើនជាងនេះ។ ខ្ញុំគោរពច្បាប់ណាស់ តែខ្ញុំគិតថា អ្វីៗគួរតែមានដំណើរការបន្តទៅមុខទៀត»។
លោក Bill Gates មានទ្រព្យសម្បត្តិប្រហែលជាង ៩៣ពាន់លានដុល្លារអាមេរិក ហើយលោក និងភរិយារបស់លោក បានបង្កើតមូលនិធិ Bill & Melinda Gates ដើម្បីជួយដល់ជនក្រីក្រ នៅក្នុងប្រទេសមួយចំនួន៕
Home »
ជីវិតនិងសង្គម
» មហាសេដ្ឋី Bill Gates ថា ការចែកលុយឲ្យកូនៗជារឿងមិនល្អ
No comments:
Post a Comment